👉គុណវិប្បត្តិនៃផ្សែងបារី👈
ជាកាពិតណាស់បារីត្រូវបានមនុស្សមួយចំនួចូលចិត្តជក់ខ្លាំងណាស់រហូតដល់អត់មិនបាន។
នៅលើសកលលោកមានមនុស្សជាច្រើនដែលចូលចិត្តទទួលទានបារីដោយពុំបានគិតពីផល់វិបាកនៅពេលក្រោយឡើយ។
បារីត្រូវបានអ្នកខ្លះយកមកទទួលទានដើម្បីបំបាត់ស្ត្រេសរហូត់ដល់ញៀន។
បារីងាយនិងញៀនណាស់ដោយសារវាមានសារធាតុនីកូទីនហើយការជក់បារីអាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ ។ ការញៀននីកូទីន ផ្សែងបារីមាននីកូទីន ដែលជាសារធាតុញៀនមួយដែលធ្វើឱ្យអ្នកជក់បារីកាន់តែចង់ជក់បារីថែមទៀត ។ មិនតែប៉ុណ្ណោះ នីកូទីនធ្វើឱ្យមានរោគសញ្ញាញៀនដែលពិបាកទ្រាំ ។ ការមានអារម្មណ៍ល្អនៅពេលមាននីកូទីននៅក្នុងខ្លួន និងការមានអារម្មណ៍មិនល្អនៅពេលគ្មានវានោះ ធ្វើឱ្យមានការពិបាកយ៉ាងខ្លាំងក្នុងការជំនះការញៀនបារីនេះ ។ ការញៀននីកូទីន គឺជាការញៀនមួយដែលពិបាកផ្តាច់ ក្នុងចំណោមការញៀនសារធាតុផ្សេងៗទៀត ដែលពិបាកផ្តាច់ ។ ការប្រើប្រាស់ថ្នាំជក់គ្រប់ទំរង់ទាំងអស់សុទ្ធតែបណ្តាលឱ្យមាននីកូទីនក្នុងបរិមាណខុសៗគ្នា ជ្រាបចូលទៅក្នុងចរន្តឈាមរបស់អ្នកប្រើប្រាស់ ។ ជាមធ្យមនីកូទីនចូលដល់ខួរក្បាលក្នុងរយៈពេល១០វិនាទី បន្ទាប់ពីផ្សែងបារីត្រូវបានហឺតចូល ។ បន្ទាប់ពីមានការប្រើប្រាស់ថ្នាំជក់មួយរយៈមក ការញៀននឹងកើតឡើង ។ បរិមាណ ចំនួនដង និងល្បឿននៃការជ្រាបរបស់នីកូទីន ហាក់ដូចជាមានទំនាក់ទំនងដោយផ្ទាល់ជាមួយឥទ្ធិពលនៃការញៀនដែលបានកើតឡើង ។ ការញៀននីកូទីន មានឥទ្ធិពលយ៉ាងខ្លាំង ។ នៅពេលដែលនរណាម្នាក់បានក្លាយជាអ្នកញៀនបារីហើយ នោះគេនឹងត្រូវតែបន្តជក់បារី ដើម្បីទទួលនូវអ្វីដែលការជក់នោះបានផ្តល់ សំរាប់បំពេញតំរូវការផ្លូវកាយ និងផ្លូវអារម្មណ៍របស់ពួកគេ ។
ទទ្ទឹមនិងនេះផងដែរផលប៉ះពាល់ដល់សុខភាព ការជក់បារីធ្វើឱ្យប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាង ដូចជា បណ្តាលឱ្យមានជំងឺមហារីក និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត ៖ ១-ជំងឺបេះដូង-សរសៃឈាម -ជំងឺបេះដូង-សរសៃឈាម គឺជាមូលហេតុសំខាន់មួយនៃការស្លាប់ដោយសារការជក់បារី -ការជក់បារីជំរុញឱ្យសរសៃឈាមអាទែទៅជារឹង និងត្បៀត ដែលជាហេតុបណ្តាលឱ្យកើតជំងឺលើសឈាម ស្ត្រូក និងជំងឺគាំងបេះដូង ។ អ្នកជក់បារីកើតជំងឺទាំងនេះ ឆាប់រហ័សជាងអ្នកមិនជក់បារី ។ -ប្រហែល៣០%នៃជំងឺគាំងបេះដូង បង្កឡើងដោយការជក់បារី ។ ២-ជំងឺមហារីក -អ្នកជក់បារីងាយកើតជំងឺមហារីកជាងអ្នកមិនជក់បារី ជាពិសេស ជំងឺមហារីកសួត មហារីកបំពង់ក និងមហារីកមាត់ ដែលជំងឺទាំងនេះកម្រនឹងកើតមានលើអ្នកមិនជក់បារី ។ -បើអ្នកជក់បារី ជក់កាន់តែច្រើនក្នុងមួយថ្ងៃ និងជក់រយៈពេលកាន់តែយូរ នោះពួកគេកាន់តែប្រឈមនឹងការកើតជំងឺមហារីកសួត ។ ដូចគ្នានោះដែរ ការប្រឈមនឹងការកើតជំងឺនេះក៏កើនឡើងដែរ បើពួកគេចាប់ផ្តើមជក់បារីក្នុងវ័យកាន់តែក្មេង ។ -ចំពោះអតីតអ្នកជក់បារី ការប្រឈមនឹងការកើតជំងឺមហារីកសួត នឹងធ្លាក់ចុះមកស្មើនឹងអ្នកមិនជក់បារីក្នុងរយៈពេលប្រហែល១៥ឆ្នាំ ។ -អ្នកជក់បារីមានការប្រឈមនឹងការកើតជំងឺមហារីកមាត់ បួនដង ខ្ពស់ជាងអ្នកមិនជក់បារី។ -ជំងឺផ្សេងៗទៀត ដែលកើតមានជាញឹកញាប់លើអ្នកជក់បារីមាន ៖ -មហារីកប្លោកនោម -មហារីកបំពង់អាហារ -មហារីកតម្រងនោម -មហារីកលំពែង ៣-ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) -ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ គឺជាក្រុមជំងឺ ដែលធ្វើឱ្យស្ទះខ្យល់ដកដង្ហើម និងធ្វើឱ្យពិបាកដកដង្ហើម ដូចជា ជំងឺហើមសួត (Emphysema) និងជំងឺរលាកទងសួតរ៉ាំរ៉ៃ ។ -ការជក់បារីគឺជាមូលហេតុចំបងមួយនៃជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ។ -ចំពោះអ្នកជក់បារី ដំណើរការរបស់សួត អាចធ្លាក់ចុះទាបជាងធម្មតាបីដង ។ នៅពេលដែលដំណើរការរបស់សួតធ្លាក់ចុះ ការពិបាកដកដង្ហើមក៏ចាប់ផ្តើមកើតឡើង ។ -ការខូចសួត ដោយសារជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ គឺជាការខូចខាតជាអចិន្ត្រៃយ៍ ប៉ុន្តែការឈប់ជក់បារីក្នុងដំណាក់កាលណាមួយ អាចកាត់បន្ថយការធ្លាក់ចុះនៃសមត្ថភាពរបស់សួត ។ ៤-ការជក់បារី និងការចុះខ្សោយផ្លូវភេទ ចំពោះបុរសក្នុងវ័យ៣០ ទៅ៤០ឆ្នាំ ការជក់បារីបង្កើនការប្រឈមនឹងការចុះខ្សោយផ្លូវភេទ ប្រហែល៥០% ។ លិង្គរបស់បុរសនឹងមិនអាចរឹងបានទេ បើចរន្តឈាមមិនអាចហូរចូលទៅលិង្គបានដោយស្រួលនោះ ដូច្នេះសរសៃឈាមទាំងនេះ ត្រូវតែមានទ្រង់ទ្រាយល្អជានិច្ច ។ ការជក់បារីអាចបណ្តាលឱ្យខូចសរសៃឈាម ៖ នីកូទីនធ្វើឱ្យត្បៀតសរសៃឈាមអាទែ ដែលចូលទៅលិង្គ ជាហេតុធ្វើឱ្យលំហូរឈាម និងសំពាធឈាមទៅលិង្គមានការថយចុះ ។ ឥទ្ធិពលនៃការត្បៀតសរសៃឈាមនេះចេះតែកើនឡើង ដូច្នេះប្រសិនបើអ្នកជក់បារីគ្មានបញ្ហានេះកើតឡើងក្នុងពេលបច្ចុប្បន្នក៏ដោយ ក៏ពួកគេនឹងអាចមានបញ្ហានេះនៅពេលអនាគត ។ ការមានបញ្ហាផ្លូវភេទលើអ្នកជក់បារី អាចជារោគសញ្ញាដំបូងដែលបង្ហាញថា បារីបានកំពុងបំផ្លាញផ្នែកផ្សេងៗនៃសរីរាង្គរួចទៅហើយ ដូចជាសរសៃឈាមទៅបេះដូងជាដើម ។ ៥-ការជក់បារីក្នុងពេលមានផ្ទៃពោះ ការជក់បារីធ្វើឱ្យប៉ះពាល់ផ្នែកជាច្រើន និងគ្រប់ដំណាក់កាលនៃការបន្តពូជ ។ ការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា ការជក់បារីក្នុងពេលមានផ្ទៃពោះប៉ះពាល់ដល់ទាំងសុខភាពម្តាយ និងទារក ។ ជាតិនីកូទីននៅក្នុងថ្នាំជក់ ធ្វើឱ្យត្បៀតសរសៃឈាមក្នុងទងសុក និងស្បូន ដែលជាហេតុធ្វើឱ្យបរិមាណអុកស៊ីហ្សែន ដែលផ្តល់ទៅទារក មានការថយចុះ ។ នៅពេលមានផ្ទៃពោះ ស្ត្រីដែលជក់បារី មានការប្រឈមនឹងការមានបញ្ហាទ្វេរដង ដូចជា ការបេះសុក (សុករបេះពីជញ្ជាំងស្បូនមុនអាយុកាល) ។ បញ្ហានេះអាចធ្វើឱ្យទារកកើតមិនគ្រប់ខែ ស្លាប់កើត ឬកើតស្លាប់ ។ នីកូទីន ក៏ត្រូវបានរកឃើញមាននៅក្នុងទឹកដោះម្តាយដែលជក់បារីដែរ ។ ទារកកើតពីម្តាយ ដែលជក់បារីក្នុងពេលមានផ្ទៃពោះ តែងមានទំនង់ទាបជាងធម្មតា ។ ការមានទំងន់ទាបនេះ គឺជាមូលហេតុនៃការស្លាប់របស់ទារក ។